សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។
ការសម្រេចនេះធ្វើឡើងតាមរយៈសារសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបណ្តាញព័ត៌មាន The Intercon Rooster ទទួលបានផ្លូវការ នាព្រឹកថ្ងៃនេះ ។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងថ្មីមួយទៀតនេះ ដើម្បីឈានទៅបើកសាលាបឋមសិក្សា បើមិនដូច្នេះទេសាលាបឋមសិក្សាមិនអាចបើកដំណើរការបានទេ ។
សម្ដេចនាយករដ្ឋមន្ត្រ ហ៊ុន សែន បានថ្លែងថា៖ «យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឱ្យក្មេងអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ៦ឆ្នាំទៅ១២ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះជាអាយុក្នុងខណ្ឌក្នុងបឋមសិក្សា ហើយយើងបែរជាបើកអនុវិទ្យាល័យ វិទ្យាល័យ» ។
សម្ដេចបានលើកឡើងថា ចំពោះវ៉ាក់សាំងចាក់សម្រាប់កុមារនាពេលនេះ ពុំមែនជាការលំបាកនោះទេ ព្រោះតាមប្រទេសនានាគេបានសិក្សា និងចាក់សម្រាប់កុមារក្រោមអាយុ១២ឆ្នាំរួចមកហើយ ដែលវ៉ាក់សាំងទាំងនោះកម្ពុជាមាននៅក្នុងដៃរួចជាស្រេចហើយ ។
សម្ដេចនាយករដ្ឋមន្ត្រី បន្តថា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារចាប់៦ឆ្នាំ ដល់១២ឆ្នាំ ប្រមាណជាង ១,៨លាននាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយចាប់ពីថ្ងៃទី១៧ ខែកញ្ញាទៅ ។
ជាមួយនឹងគ្នានេះ វេជ្ជបណ្ឌិត គួច ម៉េងលី ជាវេជ្ជបណ្ឌិត និងជាអ្នកជំនាញខាងសុខភាពសាធារណៈមួយរូបបានលើកឡើងថា លោកមិនអាចសន្និដ្ឋានយ៉ាងដូចម្តេចបានពីការសម្រេចរបស់សម្តេច ហ៊ុន សែន បាននោះឡើយ ដ្បិតគិតមកត្រឹមថ្ងៃនេះ មានតែវ៉ាក់សាំងចំនួនបីប៉ុណ្ណោះមកពីសហរដ្ឋអាមេរិក និងពីតំបន់អឺរ៉ុបដែលត្រូវបានគេទទួលស្គាល់ជាសកលសម្រាប់ចាក់កុមារដែលមានអាយុពី ១២ ដល់ ១៥ ឆ្នាំ ។
ទោះជាយ៉ាងណា លោកបន្ថែមថា៖ «ការសម្រេចចិត្តរបស់សម្តេច ហ៊ុន សែន ពិតជាបានឆ្លងកាត់ការផ្តល់យោបល់ពីអ្នកជំនាញ និងវេជ្ជបណ្ឌិតជាមិនខាង ហើយកន្លងមក យើងក៏បានឃើញថា កម្ពុជាបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ រួចមកហើយ ទាំងចំនួនអ្នកដែលបានចាក់ និងល្បឿននៃការចាក់» ។
សូមបញ្ជាក់ថា មានប្រទេសមួយចំនួនបានអនុម័តការចាក់វ៉ាក់សាំងលើកុមារនេះមកហើយ ។ ជាក់ស្តែង នៅប្រទេសចិន វ៉ាក់សាំងស៊ីណូវ៉ាក់ត្រូវបានគេអនុម័តសម្រាប់ការចាក់កុមារអាយុពី ៣ ឆ្នាំ ដល់ ១៧ ឆ្នាំ ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទីមួយដែលអនុម័តលើការចាក់ចន្លោះអាយុនេះ ។ ឯចំណែកនៅតំបន់អឺរ៉ុប ប្រទេសមួយចំនួនដូចជា អង់គ្លេស ដាណីម៉ាក បារាំង អេស្ប៉ាញ ន័រវែស និងស៊ុយអ៊ែត បានអនុញ្ញាតការចាក់វ៉ាក់សាំងលើកុមារអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ ឬ ១៧ ឆ្នាំ ។
ជាមួយគ្នានេះដែរ នៅសហរដ្ឋអាមេរិក គិតត្រឹមចុងខែសីហា កុមារនិងក្មេងជំទង់អាយុពី ១២ ទៅ ១៧ ឆ្នាំ ចំនួន ៤២ ភាគរយ យ៉ាងហោចណាស់បានទទួលដូសទីមួយនៃវ៉ាក់សាំង Pfizer ឬ Moderna ក្រោយពីមានការជំរុញពីរដ្ឋាភិបាលដោយសារតែការរាតត្បាតនៃវីរុសបំប្លែងខ្លួនដែលតា ៕