ករណីអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា នៅតែជាប្រធានបទ ក្តៅគគុកនៅឡើយ ដែលបានកើនដល់១០១ ៤៤៣ នាក់ បន្ទាប់ពីក្រសួងសុខាភិបាលបន្តរកឃើញករណីថ្មីចំនួន ៦៥៣នាក់បន្ថែមទៀត។ នេះបើតាមក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដដែលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ៦៥៣នាក់ នេះគឺមាន ៤៦៣នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង ១៣០នាក់ ជាករណីអ្នកដំណើរពីបរទេសចូលមកកម្ពុជា ។ រីឯអ្នកជាសះស្បើយបន្ថែមមានចំនួន ៤៦៣នាក់ផងដែរ ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប១០១ ៤៤៣ នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ៩៥ ៣៦៧នាក់ និងស្លាប់ ២ ០៦៧នាក់ ។ ទន្ទឹមនឹងនោះ របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) បានបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៧,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ២លាននាក់។ នេះបើតាមក្រសួងសុខាភិបាល ៕