ករណីអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា នៅតែជាប្រធានបទ ក្តៅគគុកនៅឡើយ ដែលបានកើនដល់១០២ ១៣៦ នាក់ បន្ទាប់ពីក្រសួងសុខាភិបាលបន្តរកឃើញករណីថ្មីចំនួន ៦៩៣នាក់បន្ថែមទៀត។ នេះបើតាមក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដដែលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ៦៩៣នាក់ នេះគឺមាន ៥៨១នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង ១១២នាក់ ជាករណីអ្នកដំណើរពីបរទេសចូលមកកម្ពុជា ។ រីឯអ្នកជាសះស្បើយបន្ថែមមានចំនួន ៤៤៣នាក់ផងដែរ ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញានេះ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប១០២ ១៣៦ នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ៩៥ ៨១០នាក់ និងស្លាប់ ២ ០៧៨នាក់ ។ ទន្ទឹមនឹងនោះ របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) បានបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៧,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៣៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ២លាននាក់។ នេះបើតាមក្រសួងសុខាភិបាល ៕