យុទ្ធនាការសាចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដំណាក់កាលទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស និងវត្តមានរបស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលល្អ។
ទន្ទឹមនឹងនោះ លោកស្រី បានលើកឡើងថា បើទោះបីប្រជាពលរដ្ឋ បានទទួលបានវ៉ាក់សាំងដូសទី១ ទី២ និងទី៣ហើយក៏ពិតមែន ប៉ុន្ដែមិនត្រូវភ្លេចខ្លួននោះទេ ពោលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយកឈ្នះលើជំងឺកូវីដ-១៩។
ជុំវិញបញ្ហានេះ លោក គួច ចំរើន លើកឡើងថា ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋសរុបមានចំនួន ៣០៧,៨១៧នាក់ ស្រី១៤៣,៣២៣នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង សរុបចំនួន២២៨,៣៧៧នាក់ ស្រី១០៣,៧៨៣នាក់។
ជាលទ្ធផល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង សរុបចំនួន២២៣,១៧០នាក់ ស្មើនឹង៩៧.៧២%
នៅសល់៥,២០៧នាក់។
គួរជម្រាបថា បើទោះបី ខេត្តព្រះសីហនុ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្រុងស្រុកទូទាំងខេត្ត ប៉ុន្តែនៅបន្តបើកដំណើរការការមណ្ឌលចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ នៅសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង និងកុមារចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩៕