ក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះថា ខ្លួនបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៥៧ នាក់បន្ថែមទៀត ដោយតួលេខនេះនាំឱ្យកម្ពុជា មានអ្នកឆ្លងសរុបលើស ១សែននាក់ហើយ ខណៈអ្នកជំងឺចំនួន ៩នាក់ទៀត បាត់បង់ជីវិត ដោយសារមេរោគដ៏កាចសាហាវនេះ ។
តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៥៧នាក់ខាងលើនេះ មាន ១៥៣នាក់ ជាករណីនាំចូលពីបរទេស ខណៈករណីឆ្លងសហគមន៍មានចំនួន ៥០៤នាក់។ ចំណែកឯអ្នកជំងឺដែលបានជាសះស្បើយនៅថ្ងៃដដែលនេះមានចំនួន ៥៧៨២នាក់ផងដែរ ។
សូមជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃដដែលនេះ កម្ពុជា បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០០,៧៩០នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ២ ០៥៨នាក់ និងអ្នកជាសះស្បើយចំនួន ៩៤,៩០៤ នាក់ ។
បើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) បានបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៧,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ ៕