លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបង្ហាញក្តីបារម្ភក្នុងករណីណាមួយ ដែលអាចនាំឱ្យមានការនាំចូលនូវវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទម៉ុយ (Mu) ចូលមកក្នុងប្រទេសកម្ពុជា ដូចករណីការឆ្លងចូលនៃវីរុសប្រភេទអាល់ហ្វា និងដែលតា នាពេលកន្លងមកដែរ ។
ការសម្ដែងក្ដីបារម្ភនេះធ្វើឡើងនៅក្នុងពេលបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។ ដោយជាមួយនឹងគ្នានោះ លោកស្រី អំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពីវត្តមានមេរោគថ្មីនេះ ទោះបីជាមិនទាន់មានព័ត៌មានណាមួយដែលបង្ហាញពីវត្តមាននៃការឆ្លងចូលនូវវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទម៉ុយនៅប្រទេសកម្ពុជាក៏ដោយ ។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «មិនខុសអ្វីពីអាល់ហ្វា ឬដែលតាទេ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមិនបន្តអនុវត្តនូវការការពារទប់ស្កាត់នូវការចម្លងវីរុសកូវីដ-១៩នេះទេ ខ្ញុំគិតថាវីរុសប្រភេទនេះ ប្រហែលនឹងអាចមានដោយសារពីមុនយើងមិនមានវីរុសអាល់ហ្វា និងដែលតាទេ ។ ប៉ុន្តែក្រោយមក ក៏មាន១ ឬ២ករណី រហូតមានការចម្លងទៅដល់បងប្អូនយើង ពីព្រោះការអនុវត្តវិធានការការពារមានការខ្វះចន្លោះ» ។
ជាការកត់សម្គាល់ មកដល់ពេលនេះមានប្រមាណ ៣០ ទៅ ៤០ ប្រទេសហើយ ដែលបានឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទម៉ុយនេះ។
សូមជម្រាបជូនថា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទម៉ុយ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) កំពុងតែតាមដានយ៉ាងជិតដិតជាទីបំផុត ។ បច្ចុប្បន្នមិនទាន់បានដាក់វីរុសនេះចូលទៅក្នុងប្រភេទវីរុសដែលខ្លាំងដូចប្រភេទវីរុសដែលតា និងអាល់ហ្វានៅឡើយទេ ។ ប៉ុន្តែវាស្ថិតក្នុងក្រុមមួយ ដែលកំពុងត្រូវបានយកចិត្តទុកដាក់ ដោយអ្នកជំនាញកំពុងសិក្សាទៅលើរបៀបរបបរបស់វា ។
ទាក់ទងនឹងការបិទបញ្ចប់នូវយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ គិតមកដល់ថ្ងៃទី១៥ ខែកញ្ញា រាជធានីនិងខេត្តចំនួនទៀតបានប្រកាសបិទបញ្ចប់ហើយ ។ ក្រៅពីខេត្តកោះកុងត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ ខេត្តដែលនឹងត្រូវប្រកាសបិទបញ្ចប់បន្តបន្ទាប់ទៀតមានខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ៕