តើលុយយ័នចិននឹងជំនួសលុយដុល្លារអាមេរិកបានដែរឬទេ?

ក្រោយសង្គ្រាមលោកលើកទីពីរ លុយដុល្លារអាមេរិក បានក្លាយជា លុយបម្រុងអន្ដរជាតិ ឬ រូបិយប័ណ្ណបម្រុងអន្ដរជាតិ ជំនួស លុយផោនអង់គ្លេស។ ក្នុងប្រវត្តិសាស្រ្ដ លុយជាតិរបស់ប្រទេសមួយនឹងក្លាយជា លុយ​បម្រុងអន្តរជាតិ នៅពេលណាប្រទេសនោះមានសេដ្ឋកិច្ចធំជាងគេបំផុត។ ទៅថ្ងៃខាងមុខ ប្រសិនបើសេដ្ឋកិច្ចចិន​ធំជាងសេដ្ឋកិច្ចអាមេរិក លុយយ័ន (ចិន) នឹងជំនួសលុយដុល្លារអាមេរិក។
នាពេលបច្ចុប្បន្ន យោងតាមការស្ទង់មតិរបស់ធនាគារ The Bank for International Settlements ចំណែកចរាចរណ៍​នៃលុយយ័ន ក្នុងប្រតិបត្តិការប្តូរប្រាក់បរទេសបានកើនឡើងពីតិចជាង ០,១% ក្នុងឆ្នាំ២០០៤ ដល់ ២% ក្នុងឆ្នាំ២០១៩។ ចរាចរណ៍លុយយ័ននេះនៅកម្រិតតិចតួចណាស់ បើប្រៀបធៀបទៅនឹងលុយដុល្លារអាមេរិក ដែលមានការចរាចរណ៍ ៤៤ភាគរយនៃប្រតិបត្តិការប្តូរប្រាក់បរទេសទូទាំងពិភពលោក។ លុយអឺរ៉ូតំណាងប្រហែលជិត៤០% បន្ទាប់មក លុយយ៉េនជប៉ុន និងលុយផោនអង់គ្លេសតំណាងប្រហែល ៥%។ ក្នុងទិន្នាការរបៀបនេះ លទ្ធភាពនៃការកើនឡើងការប្រើប្រាស់លុយយ័នចិន ហាក់នៅមានដំណើរវែងឆ្ងាយទៀត។

ផ្អែកតាមប្រវត្តិសាស្រ្ដពិភពលោក លុយអន្ដរជាតិដែល​មានលក្ខណៈដូចដុល្លារអាមេរិកបច្ចុប្បន្ន ត្រូវគេប្រៀបធៀបនឹងគោលការណ៍ A Lingua Franca។ គោលការណ៍នេះសំដៅដល់ភាសារួម ភាសាភ្ជាប់ទំនាក់ទំនង ឬភាសាចងស្ពាន។ នៅពេលណាដែលវាបានកើតឡើងហើយ វាកម្រនឹងមានអ្វីមកជំនួសបានណាស់។ ឧទាហរណ៍ ការផ្លាស់ប្តូរពីការប្រើប្រាស់លុយផោនរបស់ចក្រភពអង់គ្លេសទៅជាលុយដុល្លារអាមេរិក ក្នុងនាមជាលុយគន្លឹះអន្តរជាតិ ត្រូវបានធ្វើឡើងនៅទីបញ្ចប់នៃសង្គ្រាមលោកលើកទីពីរប៉ុណ្ណោះ ទោះជាមុនពេលនោះសេដ្ឋកិច្ចអាមេរិកបានឈានមុខ សេដ្ឋកិច្ចអង់គ្លេសយូរឆ្នាំមកហើយ។

ទោះជាយ៉ាងណា អំឡុងមួយទសវត្សរ៍ចុងក្រោយ ក្រៅពីការកើនឡើងទំហំសេដ្ឋកិច្ចចិន គេក៏សង្កេតឃើញអំពីហានិភ័យផ្សេងៗដែល​អាចគំរាមកំហែងដល់តួនាទី ដុល្លារអាមេរិក ជាឧទាហរណ៍ ការប្រើប្រាស់អាវុធដុល្លារខុសឆ្គងពីសំណាក់អាមេរិកខ្លួនឯងផ្ទាល់ និងការ​កើនឡើងការប្រើប្រាស់លុយឌីជីថល។
សហរដ្ឋអាមេរិកបច្ចុប្បន្នកំពុងទទួលបាន “ឯកសិទ្ធិដ៏លើសលប់” ឬជាភាសាបរទេស “Exorbitant Privilege” ព្រោះថាប្រាក់ដុល្លារអាមេរិកជា រូបិយប័ណ្ណបម្រុងអន្តរជាតិរបស់ពិភពលោក។ ក៏ប៉ុន្តែទៅថ្ងៃខាងមុខ ប្រទេសផ្សេងទៀតអាចនឹងចង់ងាកចេញ ប្រសិនបើដុល្លារអាមេរិកត្រូវរងការគំរាមកំហែង។ ជារឿយៗ រដ្ឋាភិបាលអាមេរិកតែងតែដាក់ចេញទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសផ្សេងៗ ដោយប្រើប្រាស់យន្តការប្រាក់ដុល្លារអាមេរិក។ ក៏ប៉ុន្តែ ប្រសិនបើការគំរាមកំហែងនេះមានទំហំធំពេកនៅក្នុងក្រសែភ្នែកប្រទេសដទៃទៀត នុ៎ះការព្យាយាមធ្វើយ៉ាងណាប្រើប្រាស់មធ្យោបាយថ្មីក្រៅពីដុល្លារអាមេរិកនឹង​កើនឡើង។

បណ្ដាប្រទេសអាស៊ី តួយ៉ាង ប្រទេសចិន កម្ពុជា ថៃ សិង្ហបុរី ជប៉ុន និងកូរ៉េខាងត្បូង កំពុងនាំមុខគេ ក្នុងការស្រាវជ្រាវ សាកល្បង និងការដាក់ចេញឱ្យប្រើប្រាស់ប្រព័ន្ធលុយឌីជីថល ឬ លុយអេឡិចត្រូនិករបស់ធនាគារកណ្ដាល។ ប្រឈមនឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩ ល្បឿនការចង់ឱ្យមានប្រព័ន្ធលុយឌីជីថលនេះកាន់តែកើនឡើងផងដែរ។ ទៅថ្ងៃអនាគត លទ្ធភាពនៃការប្រើប្រាស់លុយឌីជីថលនៅមានភាពមិនច្បាស់លាស់ច្រើន ប៉ុន្តែ វាមិនមែនថាមិនអាចទៅរួចនោះទេ។
សម្រាប់ប្រទេសចិន វាមិនមែនជារឿងថ្មីនោះទេក្នុងការប្រើប្រាស់លុយឌីជីថល។ ប្រជាជនចិនរាប់រយលាននាក់កំពុងប្រើប្រាស់សេវាកម្ម Alipay និង WeChat Pay ដោយស្កេនលេខកូដ QR នៅលើអេក្រង់ស្មាតហ្វូនរបស់ខ្លួន ជំនួសលុយក្រដាស។ លុយយ័នឌីជីថលក៏អាចមានដំណើរការដូចគ្នា ប៉ុន្តែ វាខុសគ្នាត្រង់ លុយយ័នឌីជីថលត្រូវបានបង្កើនឡើងផ្ទាល់ដោយធនាគារកណ្ដាលចិន។
ការសាកល្បងប្រើប្រាស់លុយឌីជីថលរបស់ប្រទេសចិន អំឡុងបុណ្យចូលឆ្នាំចិនឆ្នាំនេះ បាន​បង្កើនល្បឿននៃការប្រើប្រាស់លុយឌីជីថលរបស់ធនាគារកណ្ដាលក្នុងប្រទេសអាស៊ី ស្របនឹងការប្រឈមវិបត្តិជំងឺកូវីដ១៩។ លុយយ័នឌីជីថល របស់ប្រទេសចិន ប្រហែលជាមានសក្តានុពលធំបំផុតក្នុងការជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ដោយពិចារណាលើមហិច្ឆតារបស់រដ្ឋាភិបាលចិនក្នុងការធ្វើលុយយ័នរបស់ខ្លួនក្លាយលុយអន្តរជាតិធំមួយ៕

Related Posts