រូបថតទាំងនេះបានដកស្រង់ចេញពីសៀវភៅមួយក្បាលមានចណជើងថា គ្រួសារ៖ ជ្រុងមួយនៃជីវិតនៅតំបន់ Argyle និងGlenwood» ឬ (Krousar: On the Corners of Argyle and Glenwood) ត្រូវបានរៀបរៀងឡើងដោយលោក Stuart Isett អ្នកថតរូបអាជីពជនជាតិអាមេរិកាំង លោក ស៊ីឡុង ឈុន (Silong Chhun) សិល្បៈករនិងសកម្មជនគាំពារសិទ្ធិពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Tacoma រដ្ឋ Washington និងលោក ភីតធឺ ពិន (Peter Pin) អ្នកថតរូបអាជីពខ្មែរអាមេរិកាំង នៅទីក្រុងញូវយ៉ក កាលពីដើមឆ្នាំ ២០២១ នេះ ដោយអមជាមួយរូបថតដ៏កម្ររបស់គ្រួសារខ្មែរមួយចំនួននៅតំបន់ Argyle និង Glenwood ក្នុងទីក្រុង Chicago រដ្ឋ Illinois។
តាមរយៈសៀវភៅនេះបានបង្ហាញពីបទពិសោធន៍របស់ជនភៀសខ្លួនខ្មែរក្នុងការកសាងជីវិតថ្មីនិងសម្របខ្លួនតាមរបៀបរបបរស់នៅក្នុងសហរដ្ឋអាមេរិកក្នុងចន្លោះទសវត្សរ៍ ១៩៨០ និង ១៩៩០ ហើយក៏មិនទាន់បានចងក្រងនិងពណ៌នាឱ្យបានស៊ីជម្រៅនៅឡើយទេ ។
សម្រាប់ជនភៀសខ្លួនខ្លះសៀវភៅរូបថតនេះជួយឱ្យពួកគេយល់ដឹងពីបទពិសោធន៍របស់ជនភៀសខ្លួនខ្មែរដទៃទៀតដែលពួកគេមិនបានដឹងពីមុន។ រីឯជនភៀសខ្លួនខ្លះទៀតសៀវភៅរូបថតនេះធ្វើឱ្យបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេមានន័យ។
សៀវភៅដែលមានចំណងជើងថា«គ្រួសារ៖ On the Corners of Argyle and Glenwood» នេះឬជាភាសាខ្មែរ «គ្រួសារ៖ ជ្រុងមួយនៃជីវិតនៅតំបន់ Argyle និង Glenwood» មានរូបថតសខ្មៅជិត ២០ សន្លឹក។
ស្ត្រីខ្មែរជាម្តាយ អង្គុយលើកន្ទេលជាមួយកូនតូចៗ
ពិធីរៀបមង្គលការបែបប្រពៃណីខ្មែរ
កូនកំលោះ នៅថ្ងៃរៀបមង្គលការ
រូបថតខ្លះបង្ហាញឲ្យឃើញយុវជនខ្មែរស្លៀកពាក់បែប Hip Hop ជួបជុំគ្នាជាក្រុម។ រូបខ្លះទៀតបង្ហាញស្ត្រីជាម្តាយអង្គុយលើកន្ទេលនៅលើវាលស្មៅមុខអគារលំនៅដ្ឋានជាមួយកូនតូចៗ។រូបខ្លះទៀតបង្ហាញស្ត្រីចាស់ៗកោសខ្យល់ឲ្យកូនចៅហើយក៏មានរូបថតនៃពិធីមង្គលការបែបប្រពៃណីខ្មែរក្នុងផ្ទះដ៏តូចចង្អៀតផងដែរ។រូបថតទាំងអស់នេះលាតត្រដាងពីជ្រុងមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់គ្រួសារខ្មែរមួយចំនួនដែលទើបតែមករស់នៅក្នុងតំបន់ Argyle និង Glenwood ក្នុងទីក្រុង Chicago រដ្ឋ Illinois នាដើមទសវត្សរ៍១៩៩០។