អាហ្វហ្កានីស្ថាន៖គ្រឿងសព្វាវុធអាមេរិកមួយចំនួនធំបានធ្លាក់ក្នុងកណ្តាប់ដៃតាលីបង់ក្រោយអាមេរិកចាកចេញ

នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន មួយថ្ងៃក្រោយពីអាមេរិកបានដកទ័ពលើកចុងក្រោយចេញនាថ្ងៃទី៣១ សីហា ពួកតាលីបង់កំពុងបន្តប្រារព្វពិធីជ័យជំនះរបស់ខ្លួន។ ក្នុងឱកាសដើរដង្ហែរនៅតាមផ្លូវក្នុងទីក្រុងកាប៊ុល មានតាលីបង់មួយចំនួនថែមទាំងបានស្លៀកពាក់ជាឯកសណ្ឋានទាហានអាមេរិកាំងទៀតផង។ ក្រោយការសាទរជ័យជំនះ គឺឈានដល់ពេលដែលពួកតាលីបង់ត្រូវរៀបចំបង្កើតរដ្ឋាភិបាលថ្មីមួយ។ ដោយឡែក មានសំណួរទាក់ទងនឹងគ្រឿងសព្វាវុធដែលកងទ័ពអាមេរិកបានបំពាក់ឲ្យកងទ័ពអាហ្វហ្កានីស្ថាន និងទុកចោល។ តាមក្រសួងការពារជាតិអាមេរិក ឧទ្ធម្ភាគចក្រ និងយន្តហោះដែលអាមេរិកទុកចោលនៅព្រលានយន្តហោះក្រុងកាប៊ុលត្រូវបានកម្ទេចដោយមិនអាចប្រើបានទេ។ តើមានគ្រឿងបរិក្ខារយោធា និងអាវុធប្រភេទណាខ្លះដែលធ្លាក់ក្នុងដៃពួកតាលីបង់នៅក្រោយការចាកចេញរបស់ទាហានអាមេរិក?។
« កងទ័ពអាមេរិកបានចូលក្នុងប្រទេសអាហ្វហ្កានីស្ថានជាមួយនឹងគ្រឿងសព្វាវុធរបស់ខ្លួន។ តែអ្វីដែលនៅសេសសល់ គឺសុទ្ធសឹងជាសម្ភារៈបរិក្ខារ និងគ្រឿងសព្វាវុធដែលកងទ័ពអាមេរិកបានទុកឱ្យកងទ័ពអាហ្វហ្កានីស្ថាន។ កងទ័ពអាហ្វហ្កានីស្ថានមានចំនួន ២០០ ០០០នាក់។ ដូច្នេះអស់លោកគិតស្រម៉ៃទៅមើល ទ័ពអាហ្វហ្កានីស្ថានចំនួន ២០០ ០០០នាក់ដែលបំពាក់ដោយអាវុធទំនើបៗដូចកងទ័ពអាមេរិកាំង។
នៅក្នុងចំណោមអាវុធទំនើបៗទាំងអស់នេះ មានមួយភាគធំបានធ្លាក់ក្នុងកណ្តាប់ដៃពួកតាលីបង់។ ដូច្នេះគេត្រូវតែធ្វើការកម្ទេចវាចោល ពិសេសអាវុធធុនធ្ងន់ ដូចជាឧទ្ធម្ភាគចក្រ ឬយន្តហោះចម្បាំង។ តាមពិតទៅ វាហាក់ដូចជាមិនសូវមានច្រើនប៉ុន្មានទេ ព្រោះសម្ភារៈបរិក្ខារនៅសេសសល់ដែលបានចែកចាយនៅទូទាំងប្រទេសទៅឱ្យកម្លាំងទ័ពអាហ្វហ្កានីស្ថាន គឺមានច្រើនជារថយន្តធុនស្រាល និងមានអាវុធធន់ស្រាលរាប់ពាន់ដើម។
គេពិតជាពិបាកគ្រប់គ្រង និងកម្ទេចអាវុធធន់ស្រាលទាំងអស់នេះណាស់ ព្រោះមួយភាគធំនៃអាវុធទាំងអស់នេះត្រូវបានកម្លាំងទ័ពអាហ្វហ្កានីស្ថានបោះបង់ចោលនៅលើសមរភូមិ។ ដូច្នេះអាវុធទាំងអស់នេះនៅប្រើការកើតនាពេលនេះ »៕

Related Posts