ចិនបង្កើនទំនាក់ទំនងស៊ីជម្រៅជាមួយ អាហ្វហ្គានីស្ថាន ក្រោយ អាមេរិក ដកទ័ព

(ប៉េកាំង)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា៖ ក្រសួងការបរទេសចិនបានប្រកាសថា ការដកកងទ័ពអាមេរិកទាំងអស់ ចេញពីទឹកដីអាហ្វហហ្គានីស្ថាន គឺជាការផ្តល់ឱកាសមួយ សម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ និងជាការបិទបញ្ចប់សង្គ្រាមអូសបន្លាយដ៏យូរនៅក្នុងប្រទេស និងបញ្ចប់ការជម្លៀសមនុស្សតាមផ្លូវអាកាស នៅអាកាយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល។
ក្រសួងការបរទេសចិនបានរិះគន់ជាបន្តបន្ទាប់ ចំពោះការដកកងទ័ពចេញយ៉ាងតក់ក្រហល និងបង្កភាពចលាចលដោយសហរដ្ឋអាមេរិក ហើយចិនក៏បានប្រកាសទៀតថា ខ្លួនបានត្រៀមរួចជាសម្រេច នៅក្នុងការធ្វើឱ្យទំនាក់់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយក្រុមតាលីបង់ កាន់តែស្អិតរមួត។
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងថា «ទីបំផុតអាហ្វហ្គានីស្ថានអាចរំដោះខ្លួនឯង ចេញពីការត្រួតត្រារបស់កងទ័ពអាមេរិកហើយ។ ប្រជាជនអាហ្វហ្គានីស្ថានបានមើលឃើញ ឱកាសនៃការចាប់ផ្តើមបង្កើតសន្តិភាពថ្មីមួយ និងការកសាងជាតិឡើងវិញ ហើយអាហ្វហ្គានីស្ថានបានឈានចូលទំព័រប្រវត្តិសាស្រ្តថ្មីមួយ»។
ចំពោះ ស្ថានទូតរបស់ចិនប្រចាំទីក្រុងកាប៊ុល នៅតែដំណើរការជាធម្មតា នេះបើយោងតាមការបញ្ជាក់ពីក្រសួងការបរទេសប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងមិនទាន់បានប្រកាស ទទួលស្គាល់ក្រុមតាលីបង់ជារដ្ឋាភិបាលគ្រប់គ្រង នៅអាហ្វហ្គានីស្ថាននៅឡើយទេ ហើយចិននៅតែទទូចថា ទីក្រុងប៉េកាំងចង់ឃើញក្រុមតាលីបង់ បង្កើតរដ្ឋាភិបាលរួបរួមនិងបើកចំហរមួយ ព្រមទាំងប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះកងកម្លាំងភេរវករគ្រប់ទម្រង់។

Related Posts